ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត បដិសេធទាំងស្រុងចំពោះការចោទប្រកាន់ថា បានដាក់ខែម៉ូតូកង់បី និងម៉ូតូឌុប ១ខែ៣០០០បាត
បន្ទាយមានជ័យ ៖ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតកាលពីថ្ងៃទី២៣កុម្ភះ២០២៥បានធ្វើការបដិសេធទាំងស្រុងចំពោះខ្លឹម ការបង្ហោះចោទប្រកាន់ក្នុងបណ្តាញទំនាក់ទំនងសង្គមថាប៉ុស្តិ៍បានដាក់ខែម៉ូតូកង់បី និងម៉ូតូឌុបក្នុងមួយខែ៣០០០បាត ជាថ្នូរនិងការផ្តល់សិទ្ធិឱ្យចូលដឹកភ្ញៀវ និងចាប់ម៉ួយក្នុងបរិវេណច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
យោងតាមសេចក្តីបំភ្លឺរបស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតចុះថ្ងៃទី២៣ខែកុម្ភះឆ្នាំ២០២៥សូមធ្វើការបំភ្លឺចំពោះការបង្ហោះចោទប្រកាន់ក្នុងបណ្តាញទំនាក់ទំនងសង្គមថាប៉ុស្តិ៍បានដាក់ខែម៉ូតូកង់បីនិងម៉ូតូឌុបក្នុងមួយខែ ៣,០០០បាត ជាថ្នូរនឹងការផ្តល់សិទ្ធិឱ្យចូលដឹកភ្ញៀវ និងចាប់ម៉ូយក្នុងបរិវេណច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។
ក្នុងន័យនេះប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សូមធ្វើការបដិសេធទាំងស្រុងចំពោះខ្លឹម សារដែលបានបង្ហោះខាងលើ និងសូមជម្រាបជូនសាធារណៈជនអ្នកលេងបណ្តាញទំនាក់ទំនងសង្គមទាំងអស់ មេត្តាជ្រាបថា៖ កន្លងមកប៉ុស្តិ៍តែងតែយកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ ការពារសន្តិសុខ សុវត្ថិភាព សម្របសម្រួលចរាចរជូនអ្នកដំណើរជាតិ-អន្តរជាតិ និងមធ្យោបាយចេញ-ចូលគ្រប់ប្រភេទ ជាពិសេស ចំពោះប្រតិភូជាតិ-អន្តរជាតិ ពុំដែលមានការកកស្ទះទេ ។
ចំពោះការបង្ហោះចោទប្រកាន់មកលើប៉ុស្តិ៍ថា បានយកលុយប្រចាំខែពីម៉ូតូកង់បី និងម៉ូតូឌុបក្នុងមួយខែ ៣,០០០បាតនោះ គឺជារឿងមិនពិតនោះឡើយ ។ ផ្ទុយពីការចោទប្រកាន់ខាងលើនេះ ប៉ុស្តិ៍មានតែបង្កលក្ខណៈ ងាយស្រួល និងរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយក្នុងបរិវេណច្រកទ្វារបានយ៉ាងល្អប្រសើរ ។
សូមបញ្ជាក់ជូនសាធារណៈជនឱ្យបានជ្រាបថា ប៉ុស្តិ៍ដាច់ខាតមិនដែលមានគោលការណ៍ ឬចេញនូវបទ បញ្ជាណាមួយដល់មន្ត្រីក្រោមឱវាទឱ្យជំរិតទារប្រាក់ ឬក៏ដាក់ខែពីអ្នករត់ម៉ូតូកង់បី និងម៉ូតូឌុបឡើយ ។ម៉្យាងវិញទៀតចំពោះការចោទប្រកាន់ខាងលើ ប៉ុស្តិ៍នឹងធ្វើការស្រាវជ្រាវរកមុខមន្ត្រីណាដែលបានប្រព្រឹត្ត ដូចការចោទប្រកាន់ខាងលើ ដើម្បីដាក់ទោសតាមវិន័យលេខ ៨៧៣ប្រក របស់ក្រសួងមហាផ្ទៃឱ្យខានតែបាន ។
ជាមួយគ្នានេះផងដែរ ប៉ុស្តិ៍សូមសម្តែងនូវការគាំទ្រជាសាធារណៈចំពោះមតិរិះគន់ ក្នុងន័យស្ថាបនា និង សូមធ្វើការបដិសេធទាំងស្រុងនូវការបង្ហោះព័ត៌មានចោទប្រកាន់មិនពិតមកលើប៉ុស្តិ៍ នាំឱ្យមានការប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់កិត្តិយសបុគ្គល និងស្ថាប័នមានសមត្ថកិច្ចដែលបាននឹងកំពុងបំពេញភារកិច្ចបំរើប្រជាពលរដ្ឋ និងប្រទេស ជាតិនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។
ជាថ្មីម្តងទៀតប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សង្ឃឹមយ៉ាងមុតមាំថា តាមរយៈសេចក្តី បកស្រាយ និងបំភ្លឺខាងលើសាធារណៈជនមុខជ្រាបច្បាស់ជាក់ជាពុំខាន និងស្នើសុំឱ្យធ្វើការកែតម្រូវការបង្ហោះ ព័ត៌មានពាក់ព័ន្ធ និងការចោទប្រកាន់មកលើប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតឡើងវិញ ៕



