អាជ្ញាធរក្រុងច្បារមន ក្រើនរំឭកជាថ្មី ក្រោយអាជីវករលក់ដូរនៅផ្សារមាត់ស្ទឹង និងផ្សាររង្វង់មូលដើមលាភ មិនព្រមរុះរើ

កំពង់ស្ពឺ ៖ ក្រោយអាជីវករលក់ដូរនៅក្នុងផ្សារមាត់ស្ទឹងនិងផ្សារកញ្ច្រែងរង្វង់មូលដើមលាភមិនព្រមរុះរើតាមការអំពាវនាវ អាជ្ញាធរក្រុងច្បារមនបានធ្វើការក្រើនរំឭកជាថ្មីដោយឱ្យអាជីវករទាំងអស់ត្រូវរុះរើចេញឱ្យផុតនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ជាកំហិត។ហើយក្នុងករណីអាជីវករមិនព្រមរុះរើចេញតាមកាលកំណត់ទេនោះ អាជ្ញាធរនិងប្រើវិធានការរដ្ឋបាល ហើយអាជ្ញាធរនិងមិនទទួលខុសត្រូវចំពោះការខូចខាតសំភារៈឬបាត់បង់ទ្រព្យសម្បត្តិឡើយ ជាងនេះរាល់ការការចំណាយផ្សេងៗលើវិធានការរដ្ឋបាល ម្ចាស់តូបឬម្ចាស់អាជីវកម្មជាអ្នកទទួលបន្ទុកចំណាយទាំងស្រុង។

លោក ទឹម ផានូ អភិបាលក្រុងច្បារមនបានឱ្យដឹងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា ដើម្បីលើកកម្ពស់សោភ័ណភាព អនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងទីប្រជុំជនខេត្តកំពង់ស្ពឺ ឱ្យកាន់តែប្រសើរឡើង រដ្ឋបាលខេត្តចាំបាច់ត្រូវរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងស្ថាបនាកែលម្អនូវ ហេដ្ឋារចនាសម្ព័ន្ធតាមទីតាំងមួយចំនួន សម្រាប់ទុកជាប្រយោជន៍រួមសាធារណៈ។

លោកថា ដើម្បីឱ្យការរៀបចំអាចដំណើរការទៅប្រកបដោយប្រសិទ្ធិភាពនិងប្រសិទ្ធិផល រដ្ឋបាលក្រុងច្បារមនបានធ្វើការណែនាំទៅដល់បងប្អូនដែលជាអាជីវករដែលបាននឹងកំពុងប្រកបអាជីវកម្ម លក់ដូរ នៅផ្សារមាត់ស្ទឹងនឹងមិនត្រូវបានអនុញ្ញាតឱ្យបន្តការលក់ដូរទៀតឡើយ ដោយទីតាំងផ្សារមាត់ស្ទឹង ត្រូវបានបញ្ចប់សុពលភាពភាស៊ីកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ហើយទីតាំងនេះជាដីសាធារណៈរបស់រដ្ឋ ដែលនឹងត្រូវកែលម្អឡើងវិញ និងរៀបចំស្ថាបនាជាសួនច្បារ ដាំដើមត្នោតសងខាងស្ទឹងដែលជានិមិត្តរូបខេត្ត ព្រមទាំងផ្លូវថ្មើរជើងតាមបណ្តោយមាត់ស្ទឹងផងដែរ។

ចំពោះអាជីវករ ដែលកំពុងលក់ដូរមិនមានសណ្តាប់ធ្នាប់ លក់ដូរលើដីចំណីផ្លូវ និង តាមសំយាបផ្ទះនៅជុំវិញបរិវេណផ្សារកំពង់ស្ពឺ និងសួនដើមលាភ ដែលបាននិងកំពុងបង្កផលប៉ះពាល់ដល់សោភណ័ភាព អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ នឹងមិនត្រូវបានអនុញ្ញាតឱ្យបន្តការលក់ដូរទៀតឡើយ។

ជុំវិញការមិនអនុញ្ញាតឱ្យលក់ដូរលើទីតាំងខាងលើ អភិបាលក្រុងច្បារមនលោក ទឹម ផានូ បានបញ្ជាក់ផងដែរថាអាជ្ញាធរបានត្រៀមនិងរៀបចំជាស្រេចហើយ សម្រាប់ឱ្យបងប្អូនអាជីវករតាំងតូបដើម្បីលក់ដូរ ដោយក្នុងនោះរដ្ឋបាលក្រុងច្បារមនបានសហការរៀបចំនូវទីតាំងលក់ដូរមួយកន្លែងដោយមិនគិតថវិកា សម្រាប់បងប្អូនអាជីវករ ដែលមិនមានលទ្ធភាព មានទីតាំងស្ថិតនៅភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដូច្នេះបងប្អូនដែលជាអាជីវករអាចចូលទៅរៀបចំឱ្យបានមុនរដ្ឋបាលក្រុងចាត់វិធានការរដ្ឋបាល៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This