លួចម៉ូតូបានសម្រេច មិនបានប៉ុន្មានម៉ោងផង ត្រូវអាវុធហត្ថឃាត់ខ្លួន ០៣នាក់ បញ្ជូនទៅតុលាការ

បន្ទាយមានជ័យ ៖ ជនសង្ស័យ ០៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការបង្ក្រាបឃាត់ខ្លួន  និងបញ្ជូនទៅតុលាការ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូរបស់អ្នកដទៃ បានសម្រេចមិនបានប៉ុន្មានម៉ោង ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា នៅវេលាម៉ោង០៦និង០០នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ សោមសុផល ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពី ករណីបាត់ម៉ូតូចំនួន០១គ្រឿង ម៉ាកយ៉ាម៉ាហាជីធី ពណ៌ខ្មៅ កាលពីវេលាម៉ោង០៤ និង៣០នាទីទាបភ្លឺ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹង កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ ជាមេបញ្ជាការក្រុង បានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា រហូតដល់វេលាម៉ោង០៩ និង០០នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ រួមមាន ៖ ១-ឈ្មោះ សេងប៊ុនធៀង ភេទប្រុស អាយុ២០ឆ្នាំ, ២-ឈ្មោះ យ៉េនភារ៉ា (ចាន់រ៉ា)ភេទប្រុស អាយុ២៩ឆ្នាំ, ៣-ឈ្មោះ ទិនចន្ទ្រា (ថា) ភេទប្រុស អាយុ១៧ឆ្នាំ នៅចំណុចផ្សារទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត រួមទាំងដកហូតវត្ថុតាង ១.កូនសោរម៉ូតូចម្លង  ចំនួន០១ដើម, ២.ម៉ូតូម៉ាកYAMAHA ពណ៌ខ្មៅ ចំនួន០១គ្រឿង និងបានធ្វើតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន(+) ទាំង០៣នាក់ ។

លោកបន្តថា ក្រោយឃាត់ខ្លួន និងសាកសួរ ជនសង្ស័យត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ចំណែកម៉ូតូត្រូវបានប្រគល់ជូនម្ចាស់ដើមវិញផងដែរ ៕

CATEGORIES
Share This