ម៉ូតូពីរគ្រឿង បុកគ្នាពេញទំហឹង បណ្តាលអោយក្មេងសិស្សសាលា០៣នាក់ ស្លា.ប់និងរបួសធ្ងន់ស្រាល

បាត់ដំបង ៖ យ៉ាងហោចណាស់ក្មេងសិស្សសាលាស្រី០១នាក់បានស្លា.ប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ និងប្រុសស្រី០២នាក់ទៀត រងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹង។

ប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១១និង១០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវរ៉បស្ទឹងសង្កែខាងត្បូងផ្សារលើ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

ប្រភពបានប្រាប់បន្តថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាក nexពណ៌ស ០១គ្រឿងពាក់ផ្លាកលេខ ភ្នំពេញ1GC-1245 បើកបរដោយក្មេងសិស្សសាលាប្រុសម្នាក់ ទិសដៅពីត្បូងទៅជើង ចំណែកម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AU-1736 បើកបរដោយក្មេងសិស្សសាលាស្រីម្នាក់ និងអ្នករួមដំណើរម្នាក់ ក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុបានឡើងវ៉ារថយន្ត០១គ្រឿងក៏ជ្រុលចង្កូតទៅបុកគ្នាពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ស្រាលទាំង០៣នាក់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅវាស់វែងយកមធ្យោបាយទាំងពីរទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ចំណែកជនរងគ្រោះទាំង០៣នាក់ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ តែជាអកុសលក្មេងស្រីជាអ្នកបើកបរបានស្លា.ប់នៅពេលបញ្ជូនទៅមន្ទីរពេទ្យ ៕

ដោយ ៖ សាលី

CATEGORIES
Share This