មន្ត្រីបរិស្ថាន ណែនាំដល់ម្ចាស់រោងចក្រកែច្នៃផ្លែស្វាយ (សាន់ផ្លាស) ឱ្យបញ្ឈប់ការបង្ហូរកាកសំណល់ ចេញទៅទីសាធារណៈ

កំពង់ស្ពឺ ៖ មន្ត្រីការិយាល័យគាំពារបរិស្ថាននៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺលោក ឈុន ឈៀហេង បានធ្វើការណែនាំដល់ម្ចាស់រោងចក្រកែច្នៃផ្លែឈើយីហោ សានផ្លាស អ៉ិនធើណេសិនណល ឯ.ក ដែលមានទីតាំងនៅក្នុងភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ឱ្យបញ្ឈប់ជាបន្ទាន់នូវការបង្ហូរកាកសំណល់រាវចូលទៅក្នុងប្រឡាយមេតាហោ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋនិងបរិស្ថាន។ការណ៍នេះធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ក្រោយទទួលបានការស្នើសុំឱ្យមានការត្រួតពិនិត្យនិងអន្តរាគមន៍ជាថ្មី បន្ទាប់ពីមានក្លិនស្អុយជះភាយខ្លាំងទៅក្នុងខ្យល់ធ្វើឱ្យរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនិងការរៀនសូត្ររបស់សិស្សានុសិស្ស។

លោក ឈុន ឈៀហេង ប្រធានការិយាល័យគាំពារបរិស្ថាននៃមន្ទីរបរិស្ថាខេត្តកំពង់ស្ពឺបានឱ្យដឹងថា មន្ត្រីជំនាញរួមជាមួយអាជ្ញាធរមូលដ្ឋានភូមិឃុំនិងស្រុកសំរោងទងបានចុះអន្តរាគមន៍បន្ទាន់ គ្រាដែលទទួលបានការណែនាំពីរដ្ឋបាលខេត្តនិងមន្ទីរសាម៉ី លើរោងចក្រកែច្នៃផ្លែឈើយីហោ សាន់ផ្លាស អ៉ិនធើណាសិនណល ឯ.ក ដើម្បីរកឱ្យឃើញពីមូលហេតុដែលបង្កឱ្យមានក្លិនស្អុយជះភាយខ្លាំងរំខានការរស់នៅនិងសិក្សារបស់សិស្សនិងទឹកកខ្វក់ដែលប៉ះពាល់ដល់ជីវិតរស់នៅរបស់មច្ឆជាតិ។

ប្រធានការិយាល័យគាំពារបរិស្ថានបានបន្ថែមថា ជំនាញបានរកឃើញថាពិតជាមានការបង្ហូរកាកសំណល់មួយចំណែកពីរោងចក្រចូលទៅទីសាធារណៈនិងប្រឡាយមេតាហោពិតប្រាកដ ចំពោះមុខជំនាញបានធ្វើការណែនាំទៅដល់ម្ចាស់រោងចក្រខាងលើឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពនេះ ហើយត្រូវបិទខ្ទប់មាត់លូឱ្យជិតដើម្បីការពារការហៀរឬជ្រាបកាកសំណល់រាវទៅទីសាធារណៈបន្តទៀត។ក្រុមហ៊ុនត្រូវរៀបចំបង្កើតឱ្យមានអាងស្តុកកាកសំណល់រាវឱ្យបានត្រឹមដោយមានដាក់ថ្នាំបំបាត់ក្លិនទៅតាមបច្ចេកទេស ការពារការជះក្លិនស្អុយទៅខាងក្រៅ។ទន្ទឹមនេះក៏ត្រូវសិក្សាបន្ថែមដើម្បីឈានទៅបង្កើតជាអាងប្រព្រឹត្តិកម្ម ដោយទំនាក់ទំនងផ្ទាល់ជាមួយមន្ត្រីបច្ចេកទេសជំនាញ។ក្នុងនោះអាជ្ញាភូមិ ឃុំត្រូវដើរតួជាសមត្ថកិច្ចតាមដានរាល់សកម្មភាពការបង្ហៀរនានា ដើម្បីធានាថាគ្មានផលប៉ះពាល់ថ្មីដល់ពលរដ្ឋនិងបរិស្ថានទៀតទេ។

ជាមួយនោះដែរ លោក ឈុន ឈៀហេង បានបញ្ជាក់ផងដែរថា រោងចក្រកែច្នៃផ្លែឈើ សានផ្លាស អ៉ិនធើណាសិនណល ឯ.ក ធ្លាប់ត្រូវពិន័យអន្តរកាលម្តងរួចមកហើយកាលពីអំឡុងខែឧសភា ឆ្នាំ២០២៤កន្លងមក បន្ទាប់ពីរកឃើញការបង្ហូរកាកសំណល់ដូចគ្នានេះទៅទីសាធារណៈនិងប្រឡាយមេតាហោ ហើយក្រោយមករោងចក្រនេះក៏ត្រូវបានផ្អាកដំណើរទៅវិញមួយរយៈរហូតដល់ដើមខែមករាឆ្នាំ២០២៥នេះទើបបើកដំណើរការម្តងទៀត។រោងចក្រនេះដែរ បច្ចុប្បន្នមានលទ្ធភាពប្រមូលទិញផ្លែស្វាយប្រមាណ២០ទៅ៣០តោនក្នុងមួយថ្ងៃ និងមានកម្មករធ្វើការប្រមាណ២៣០នាក់ ក្នុងនោះរោងចក្រក៏បានប្រើប្រាស់ទឹកប្រមាណជាង២៥ទៅ៣០ម៉ែត្រគូបលើខ្សែសង្វាក់ផលិតកម្មនេះផងដែរ ៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This