អាជ្ញាធរ ចុះបញ្ឈប់សំណង់រឹងមាំមួយកន្លែង ដែលកំពុងសាងសង់ រំលោភចូលលើដីច្រាំងស្ទឹងសង្កែ

បាត់ដំបង ៖ ក្រោយមានការចេញផ្សាយពីស្ថាប័នសារព័ត៌មានជាច្រើនអង្គភាព ពាក់ព័ន្ធទៅនឹងការសាងសង់សំណង់រឹងមាំរំលោភចូលលើដីច្រាំងស្ទឹងសង្កែ នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋបាលសង្កាត់វត្តគរ បានចុះពិនិត្យនិងធ្វើលិខិតមួយជូនដំណឹងទៅដល់ម្ចាស់ទីតាំងអោយបញ្ឈប់ការសាងសង់ជាបន្ទាន់។

យោងតាមលិខិតលេខ ០៥៨ សជណ និង យោងតាមការចុះត្រួតពិនិត្យជាក់ស្តែងរបស់រដ្ឋបាលសង្កាត់វត្តគរ កាលពីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ឃើញមានសំណង់សង់រឹងមាំនៅមាត់ស្ទឹងសង្កែ ក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ដែលមានម្ចាស់លំនៅឋានឈ្មោះ មាស សំបុណ្យ ។

ក្រោយពីចុះពិនិត្យជាក់ស្តែងឃើញថាសំណង់ខាងលើបានសង់រឹងមាំនៅមាត់ស្ទឹងសង្កែ ភ្លាមនោះរដ្ឋបាលសង្កាត់វត្តគរក៏បានចេញលិខិតជូនទៅលោក មាស សំបុណ្យ ដែលជាម្ចាស់លំនៅឋាន សូមបញ្ឈប់ការសាងសង់សំណង់ចូលលើដីច្រាំងស្ទឹងជាបន្ទាន់ ហើយក៏ត្រូវអនុវត្តអោយមានប្រសិទ្ធភាព ចាប់ពីថ្ងៃទទួលបានលិខិតនេះជាកំហិតផងដែរ៕

ដោយ ៖ សាលី

CATEGORIES
Share This