ពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ស្នើឱ្យអាជ្ញាធរខេត្ត ជួយដោះស្រាយ គ្រាដែលរោងចក្រស្វាយមួយកន្លែង នៅស្រុកសំរោងទង បង្ហូរកាកសំណល់ចូលប្រឡាយធម្មជាតិ និងជះក្លិនស្អុយខ្លាំង

កំពង់ស្ពឺ ៖ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សដែលមានលំនៅដ្ឋាននិងស្ថិតនៅក្បែររោងចក្រកែច្នៃស្វាយមួយកន្លែងឈ្មោះ សានផ្លាស អ៊ីនធើណេសិនណល ឯ.ក ទីតាំងនៅក្នុងភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺបានស្នើសុំឱ្យអាជ្ញាធរខេត្តនិងមន្ទីរពាក់ព័ន្ធជួយអន្តរាគមន៍ សម្របសម្រួលនិងមានវិធានការក្តៅ គ្រាដែលរោងចក្រមួយនេះបង្ហូរកាកសំណល់ចូលប្រឡាយធម្មជាតិ បង្កជាក្លិនស្អុយខ្លាំងពិបាកក្នុងរស់នៅនិងបង្រៀនមិនកើត។

ប្រជាពលរដ្ឋម្នាក់បាននិយាយថា ពីមួយថ្ងៃទៅមួយថ្ងៃ ក្លិនដែលបង្កឡើងពីកាកសំណល់នៃផ្លែស្វាយបានសាយភាយក្លិនស្អុយទៅលើអ្នកភូមិកាន់តែខ្លាំងឡើងៗ ធ្វើឱ្យពួកគាត់ពិបាករស់នៅណាស់ ពិសេសគឺសិស្សសាលាអង្គុយរៀនទាំងបង្ខំចិត្តនិងទ្រាំបំផុត។ប្រជាពលរដ្ឋបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានរួចហើយ ប៉ុន្តែមិនដឹងថាអាជ្ញាធរមូលដ្ឋានមានលទ្ធភាពអន្តរាគមន៍ឬហាមឃាត់បានដែរឬអត់នោះទេ ហើយក្រោយរាយការណ៍ក្លិនស្អុយនេះក៏កើតមានកាន់តែខ្លាំងឡើងៗ ហាក់មានការផ្គើនជាមួយប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋបានអះអាងថា បច្ចុប្បន្ននេះពួកគាត់ពិតជាជួបនូវការលំបាកខ្លាំងក្នុងការរស់នៅប្រចាំថ្ងៃ ដោយហេតុថា រោងចក្រខាងលើ បញ្ចេញកាកសំណល់ទឹកកខ្វក់ចូលប្រឡាយធម្មជាតិ និងជះក្លិនស្អុយខ្លាំងប៉ះពាល់ដល់បរិស្ថាន ពិសេសសិស្សានុសិស្សតូចៗដែលសិក្សារៀនសូត្រក្នុងសាលានៅក្បែរទីតាំងរោងចក្រ។

ក្នុងន័យនេះ ប្រជាពលរដ្ឋបានស្នើសុំយ៉ាងទទូចដល់អាជ្ញាធរខេត្ត និងមន្ទីរជំនាញសូមជួយអន្តរាគមន៍ ពិនិត្យលើបទដ្ឋានបច្ចេកទេសនៃការទុកដាក់សំណល់រឹង សំណល់រាវ បញ្ឈប់ការបង្ហូរចូលទៅក្នុងប្រឡាយធម្មជាតិបន្តទៀត ដើម្បីឱ្យពួកគាត់មានលទ្ធភាពរស់នៅបានស្រួល មានសុខភាពល្អ និងអាចឱ្យកូនៗរបស់គាត់មានឱកាសក្នុងការរៀនសូត្រក្រេបយកចំណេះជំនាញដើម្បីឈានទៅឈោងចាប់ឱកាសការងារចិញ្ចឹមជីវិតផង។

ពាក់ព័ន្ធនិងការស្នើសុំនេះមន្ទីរជំនាញបរិស្ថានខេត្តនិងអាជ្ញាធរស្រុកសំរោងទងបានឱ្យដឹងនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា មន្ទីរនិងអាជ្ញាធរនិងចុះពិនិត្យមើលជាក់ស្តែងដល់ទីតាំងរោងចក្រខាងលើនាព្រឹកនេះ ដើម្បីរកឱ្យឃើញពីមូលហេតុដែលបង្កឱ្យមានក្លិនស្អុយប៉ះពាល់ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងការសិក្សារបស់សិស្ស៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This