អយ្យការខេត្តព្រះវិហារ ដឹកនាំសមត្ថកិច្ចចម្រុះ ចុះបង្រ្កាបរណ្តៅរ៉ែមាសខុសច្បាប់ ១កន្លែង ខណៈម្ចាស់រត់គេចអស់

ព្រះវិហារ ៖ កម្លាំងចម្រុះដឹកនាំដោយ លោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានចុះពិនិត្យមើលទីតាំងអាជីវកម្មរ៉ែមាសអាណាធិបតេយ្យ ១កន្លែង នៅភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ឈានទៅដល់ការបង្ក្រាប និងកម្ទេចចោលកាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។

លោក ស៊ុន ចន្ទ័រក្សា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ បានឱ្យដឹងថា សមត្ថកិច្ចចម្រុះដែលដឹកនាំដោយលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានចុះបង្ក្រាបទីតាំងជីកយករ៉ែមាសដោយខុសច្បាប់នោះ បានរកឃើញមានរណ្តៅរ៉ែមាស ចំនួន១រណ្តៅ ហើយក៏បានធ្វើការកម្ទេចចោលរោងស្នាក់នៅរបស់កម្មករ ៣រោង (៦បន្ទប់), អាងត្រាំគីមី ១៥ម៉ែត្រx២០ម៉ែត្រ ចំនួន ២អាង៣. និយាមការ X=499202; Y=1473716 ក្រុមការងារបានកាយបំផ្លាញរណ្ដៅទាំង០២ ដើម្បីចាត់ការបន្តតាមនិតិវិធី។

លោក ស៊ុន ចន្ទ័រក្សា បានបន្តឱ្យដឹងថា កន្លងមក មន្ទីរជំនាញសហការជាមួយអាជ្ញាធរស្រុករវៀង តែងតែចុះផ្សព្វផ្សាយហាមប្រាមប្រជាពលរដ្ឋ កុំឱ្យនាំគ្នាជីករ៉ែមាសដែលមានរណ្តៅជ្រៅៗ អាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។ ប្រសិនជាជីកយករ៉ែមាសត្រឹមរណ្តៅរាក់ ឬបាញ់ឈីត អាជ្ញាធរនឹងមន្ទីរជំនាញមិនហាមឃាត់ទេ ពីព្រោះជាឆ្នាំងបាយរបស់ពលរដ្ឋ។

ជុំការបង្ក្រាបនេះ ម្ចាស់ទីតាំងរុករករ៉ែអាណាធិបតេយ្យខាងលើ ដែលគេដឹងថា ជាជាជនជាតិចិន ហាក់បានដឹងខ្លួនមុន បានរត់គេចខ្លួនបាត់អស់នមុនសមត្ថកិច្ចទៅដល់៕

ដោយ ៖ រ៉ាស៊ី

CATEGORIES
Share This