សមត្ថកិច្ចបញ្ជូនខ្លួន អ្នកចែកចាយគ្រឿងញៀនប្រចាំភូមិ២នាក់ ទៅតុលាការ ក្រោយឃាត់ខ្លួនបាននៅស្រុកគងពិសី

កំពង់ស្ពឺ​ ៖​ អ្នកចែកចាយគ្រឿងញៀនប្រចាំភូមិដ៏សកម្មចំនួន២នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់អយ្យការសាលាដំបូងខេត្ត ក្រោយឃាត់ខ្លួននិងដកហូតគ្រឿងញៀនបានជាច្រើនកញ្ចប់នៅក្នុងស្រុកគងពិសីកាលពីរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកវរសេនីយ៍ឯក​ យ៉ាង​ សុខលី​ អធិការ​នៃអធិការដ្ឋាននគរបាល​ស្រុ​ក​គងពិសី​បានឱ្យដឹងថាមុខសញ្ញាចែកចាយចំនួន២នាក់ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកចាប់ខ្លួនបានជាបន្តបន្ទាប់ ក្រោយការស្រាវជ្រាវនិងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ក្នុងនោះជនសង្ស័​យ​ឈ្មោះ ម៉ូ វណ្ណៈ ភេទប្រុ​ស អាយុ​ ២៤​ឆ្នាំ ឃាត់ខ្លួនបាននៅ​ភូមិស្នួលជ្រុំ  ឃុំទឹកល្អក់ ស្រុកគងពិសី ដកហូតវត្ថុតាងម្សៅក្រាមសថ្លាសង្ស័យជាគ្រឿ​ងញៀនមួយកញ្ចប់, ទូរស័ព្ទដៃ០១​គ្រឿង​ និងកែវសម្រាប់​ជក់គ្រឿង​ញៀ​ន១ ។ក្រោយឃាត់ខ្លួនជនសង្ស័យរូបនេះបានសារភាពថាខ្លួនបានទទួលគ្រឿងញៀនពីឈ្មោះឡាញ់ វណ្ណៈ ហៅណុប ភេទប្រុស អាយុ​៣៧ឆ្នាំ នៅភូមិស្នួលជ្រុំ ឃុំទឹកល្អក់ ស្រុកគងពិសី ដែលជាអ្នកចែកចាយធំប្រចាំភូមិ។

លោកវរសេនីយ៍ឯក យ៉ាង សុខលី បានបន្តថា ក្រោយទទួលបានចម្លើយសារភាព សមត្ថកិច្ចបានបើកប្រតិបត្តិការឡោមព័ទ្ធទីតាំងរស់នៅរបស់មេក្លោងធំប្រចាំភូមិ ក្រោមការសម្របសម្រួលនីតិវិធី​ ពីតំណាងអ​យ្យការ​ អមសា​លា​ដំបូងខេត្ដកំពង់ស្ពឺ​ កម្លាំងបានចាប់ខ្លួនឈ្មោះ ឡាញ់ វណ្ណៈ ហៅណុប បានភ្លាមៗ នៅវេលាម៉ោង ១២:១០ ថៃ្ងទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០២៥​នៅចំណុចភូមិស្នួលជ្រុំ ឃុំទឹកល្អក់ ដោយដកហូតគ្រឿងញៀនប្រភេទទឹកកកបានប្រមាណជា២០កញ្ចប់(តូច១៨ មធ្យម២)។បច្ចុប្បន្ន​ជនសង្ស័យ​ រួមជាមួយ​វត្ថុតាង​ ​ផ្នែក​ប្រឆាំង​បទល្មើ​ស​គ្រឿងញៀន​ស្រុក បានធ្វេីការកសាងសំណុំរឿងបញ្ជូនទៅជំនាញខេត្ដ​ ដេីម្បី​​បន្ដ​នីតិវិធី។

ជាមួយនិងការចាប់ខ្លួនអ្នកចែកចាយគ្រឿងញៀនដ៏សកម្មខាងលើ ប្រជាពលរដ្ឋបានបង្ហាញការរីយរាយយ៉ាងខ្លាំង និងសុំឱ្យតុលាការកុំមានការលើកលែងហើយដាក់ទោសឱ្យបានធ្ងន់ធ្ងរដល់បុគ្គលទាំង២នាក់នេះ។

ពួកគាត់លើកឡើងថា ពួកគាត់បានបៀមទុក្ខនិងមានក្តីកង្វល់ ការភិតភ័យរាប់ឆ្នាំមកហើយ បន្ទាប់ពីមានវត្តមានបុគ្គល២នាក់ខាងលើ ដោយរំពឹងថាថ្ងៃណាមួយកូនចៅរបស់ពួកគាត់និងរងគ្រោះដោយសារគ្រឿងញៀននេះ ហើយបន្ទាប់មកនិងត្រូវចាប់ខ្លួនពីបទរក្សាទុកនិងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ គ្រាដែលកន្លងមកគេឃើញសមត្ថកិច្ចចាប់បានតែអ្នកប្រើប្រាស់ប៉ុណ្ណោះ ឯអ្នកជួញដូរនិងចែកចាយវិញមានសំណាងរួចខ្លួនរហូត ៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This