កិច្ចប្រជុំជាមួយអាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋទទួលផល ស្ដីពីការសាងសង់ផ្លូវជនបទ ក្នុងខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ ៖ នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅបរិវេណវត្តប្រាសាទស្រះកណ្ដាល(ខ្ចាស់) ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ លោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានគ្រប់គ្រងគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) បានដឹកនាំកិច្ចប្រជុំជាមួយអាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋទទួលផល ស្ដីពីការសាងសង់ផ្លូវជនបទ ក្នុងខេត្តបន្ទាយមានជ័យ ។
លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បន្ទាយមានជ័យ បានលើកឡើងថា កិច្ចប្រជុំនេះពិតជាមានសារៈសំខាន់ជាខ្លាំង ដែលភាគីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់បានមកចូលរួម ព្រោះនេះ គឺជា ឱកាសមួយដែលយើងទាំងអស់គ្នាអាច ពិភាក្សាអំពីកិច្ចការមួយចំនួន ដើម្បីត្រៀមអនុវត្តនៅពេលដែលគមម្រោងផ្លូវពីរខ្សែនេះចាប់ផ្តើមដំណើរការបើក ការដ្ឋាននាពេលដ៏ខ្លីខាងមុខ ។ ជាក់ស្តែងកម្រោងផ្លូវពីរខ្សែដែលមានប្រវែង២៥, ៣គ.ម៖១/ខ្សែទី១ ផ្លូវជ្រាប់ចាស់-ជ្រាប់ថ្មី ចាប់ពីផ្លូវជាតិលេខ៦ ភូមិកក់ ដល់ភូមិជ្រាប់ថ្មី ឃុំជប់វ៉ារី ស្រុកព្រះ នេត្រព្រះ ប្រវែង១២.៧៧.ម។ ២/ខ្សែទី២ ផ្លូវកក់-ភាសត្បូង ចាប់ពីភូមិកក់ ឃុំជប់រី ស្រុកព្រះនេត្រព្រះ ដល់ភូមិភាសត្បូង ឃុំសារង្គ ស្រុកស្វាយចេក ប្រវែង១២.៦គ.ម។
លោក ទូច ស៊ីផាត បានមានប្រសាសន៍បញ្ជាក់ថា គោលបំណងសំខាន់ នៃកិច្ចប្រជុំនាពេលនេះគឺ..១.ផ្សព្វផ្សាយពីការដំណើរការ និងបទដ្ឋានបច្ចេកទេសសាងសង់ផ្លូវរបស់គម្រោង។២.ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ វិស័យឯកជន និងប្រជាពលរដ្ឋ ចូលរួមសហការក្នុងពេល ក្រោយពេលសាងសង់ផ្លូវ ដើម្បីឱ្យការងារសាងសង់បានទាន់ពេលវេលា និងមានគុណភាពល្អ ប្រើប្រាស់បានយូរ ដែលជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាប្រទេសជាតិទាំងមូល។ ជាពិសេសគម្រោង SAAMBATនេះមានគោលដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សន្តិសុខស្បៀងនៅក្នុងប្រទេសកម្ពុជា តាមរយៈអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទរួមមាន៖ស្ថាបនាផ្លូវកៅស៊ូពីរជាន់និងបេតុង កែលម្អផ្សារជនបទ កសាងទីកន្លែងប្រមូលផ្តុំកសិផល និងកំពង់ដរសហគមន៍។
លោកក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅសងខាងផ្លូវសូមចូលរួមថែរក្សាសមិទ្ធផល ដែលទទួលបានថ្មីនេះ តាមរយៈការសម្អាតបរិស្ថានតាមដងផ្លូវកុំឱ្យមានដក់ទឹក ស្ទះទឹកតាមប្រឡាយ ឬចង្អូរទឹក នៅសងខាងផ្លូវ។ជាពិសេសសូមចូលរួមផ្តល់ដីចំណីផ្លូវ ដើម្បីសាងសង់ផ្លូវឱ្យល្អ មានសោភណ្ឌភាព និងប្រើប្រាស់រួមនៅក្នុងភូមិ ឃុំរបស់យើងទាំងអស់គ្នាបានយូរអង្វែង៕











