ឣាវុធហត្ថបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៥នាក់ ទៅតុលាការ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

បន្ទាយមានជ័យ ៖ ជនសង្ស័យប្រុសស្រី ០៥នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន និងបញ្ជូនទៅតុលាការកាលពីរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ពាក់ព័ន្ធករណី ប្រើប្រាស់ និងចែកចាយដោយខុសច្បាប់នូវសារធាតុញៀន ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា នៅវេលាម៉ោង១៣ និង៥០នាទី  ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៥នាក់ រួមមាន ៖ ១-ឈ្មោះ ដួង សុខា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មានទីកន្លែងបច្ចុប្បន្នស្នាក់នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ (ជួញដូរ និងប្រើប្រាស់), ២-ឈ្មោះ ហាង សារ៉ូន ហៅ មុំ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នស្នាក់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ(ជួញដូរ និងប្រើប្រាស់), ៣-ឈ្មោះ ផន បូណាន ហៅ បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ ឆ្នាំ បច្ចុប្បន្នស្នាក់នៅវត្តបរមសាលព្រឹក្ស (វត្តភ្នំស្វាយ) ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ (ប្រើប្រាស់), ៤-ឈ្មោះ គង់ បញ្ញា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន បច្ចុប្បន្នស្នាក់នៅវត្តបរមសាលព្រឹក្ស (វត្តភ្នំស្វាយ)(ប្រើប្រាស់), ៥-ឈ្មោះ ស៊ិម បារាំង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន បច្ចុប្បន្នស្នាក់នៅវត្តបរមសាលព្រឹក្ស (វត្តភ្នំស្វាយ) (ប្រើប្រាស់)។

ប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន ០៩កូនថង់កិប ទម្ងន់ ១៣,៧២ក្រាម, ម៉ូតូ ចំនួន ០១គ្រឿង (ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៩ ពាក់ផ្លាកលេខ បាត់ដំបង 1B-2316, ទូរសព្ទ ចំនួន០៣គ្រឿង, រួមទាំងថង់សម្រាប់ច្រកគ្រឿងញៀន និងសម្ភារៈប្រើប្រាស់គ្រឿនញៀនមួយចំនួន ។

ក្រោយឃាត់ខ្លួន និងសាកសួរ ជនសង្ស័យទាំង ០៥នាក់ រួម នឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

CATEGORIES
Share This