ស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាលជាច្រើននាក់ នៅក្នុងហេតុការណ៍ ម៉ូតូ០២គ្រឿងបុកគ្នា

បាត់ដំបង ៖ យ៉ាងហោចណាស់បុរសចំណាស់ម្នាក់ បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ និងមនុស្សប្រុសស្រីក្មេងចាស់០៤នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍ ម៉ូតូ០២គ្រឿងបុកគ្នា នៅវេលាម៉ោង ១៩និង០០នាទី ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ត្រង់ចំណុចច្រកចូលបូរីវីឡា Jasmine ស្ថិតក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង។

ប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងរវាងម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1C-2182 បើកបរដោយស្ត្រីម្នាក់ និងអ្នករួមដំណើរកូនប្រុសស្រីតូចៗពីរនាក់ ទិសដៅពីលិចទៅកើត ចំណែកម៉ូតូ០១គ្រឿងទៀតសណ្តោងរ៉ឺម៉កម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1F-2060 បើកបរដោយបុរសចំណាស់ម្នាក់ និងអ្នករួមដំណើរម្នាក់ បើកបញ្ច្រាសផ្លូវ ទិសដៅពីកើតទៅលិច បានជ្រុលទៅបុកគ្នាពេញទំហឹងបណ្តាលអោយបុរសចំណាស់ខាងលើស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ចំណែកមនុស្សប្រុសស្រីក្មេងចាស់០៤នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាលតែម្តង។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់អោយសាច់ញាតិទទួលយកដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ដោយឡែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕

ដោយ ៖ សាលី

CATEGORIES
Share This