នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បណ្តេញជនជាតិថៃ ២៥នាក់ ទៅប្រទេសថៃវិញ

បន្ទាយមានជ័យ ៖ ជនជាតិថៃប្រុសស្រី ចំនួន២៥នាក់ ត្រូវបាននគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានសហការជាមួយកម្លាំង ការិយាល័យអនុវត្តនីតិវិធី និងគ្រប់គ្រងកន្លែងត្រៀមបណ្ដេញចេញ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញចេញ ពីកម្ពុជាត្រឡប់ទៅប្រទេសថៃវិញ បន្ទាប់ពីរកឃើញថា លួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែននៅកម្ពុជា ។

ការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេស នូវជនជាតិថៃ ទាំង ២៥នាក់ ស្រី០៤នាក់ ខាងលើ ធ្វើឡើងនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១១ និង៣០នាទី តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយខាងកម្ពុជាដឹកនាំដោយ វរសេនីយ៍ទោ ឌុច ចាន់តារារិទ្ធ នាយរងការិយាល័យ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងភាគីថៃដឹកនាំដោយលោកស្រីអនុសេនីយ៍ឯក JARUDA TONPRANG នាយរងផ្នែក ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ។

យោងតាមបញ្ជាលោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានច្រកទ្វារទី១ ជនជាតិថៃខាងលើ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រថាប់ត្រាហាមចូលប្រទេស រយៈពេល ០៥ឆ្នាំ ។

សូមបញ្ជាក់ថា មួយរយៈចុងក្រោយនេះ សមត្ថកិច្ចកម្ពុជាបានចុះអនុវត្តបង្រ្កាបបាន នូវជនបរទេសមកស្នាក់នៅកម្ពុជាខុសច្បាប់ និងប្រព្រឹត្តបទល្មើសនានា ជាញឹកញាប់ ហើយក៏ខ្លះត្រូវបណ្តេញចេញ និងខ្លះទៀតត្រូវអនុវត្តទោសនៅកម្ពុជា ៕

CATEGORIES
Share This