អាជ្ញាធរខេត្តកំពង់ស្ពឺ នឹងរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ សោភ័ណភាព អនាម័យបរិស្ថាន ជុំវិញបរិវេណផ្សារកំពង់ស្ពឺ និងផ្សារមាត់ស្ទឹង
កំពង់ស្ពឺ ៖ អាជ្ញាធរខេត្តកំពង់ស្ពឺ នឹងធ្វើការរៀបចំឡើងវិញនូវសណ្តាប់ធ្នាប់សាធារណៈ សោភ័ណភាព បរិស្ថាន អនាម័យជុំវិញបរិវេណផ្សារកំពង់ស្ពឺ និងផ្សារមាត់ស្ទឹងស្ថិតនៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នេះបើយោងតាមការជូនដំណឹងរបស់រដ្ឋបាលក្រុងច្បារមន ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥។
រដ្ឋបាលក្រុងច្បារមន បានឱ្យដឹងថា ដើម្បីលើកកម្ពស់សោភ័ណភាព អនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងទីប្រជុំជនខេត្តកំពង់ស្ពឺឱ្យកាន់តែប្រសើរឡើង រដ្ឋបាលខេត្តកំពង់ស្ពឺចាំបាច់ត្រូវរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងស្ថាបនាកែលម្អ នូវហេដ្ឋារចនាសម្ព័ន្ធតាមទីតាំងមួយចំនួន សម្រាប់ទុកជាប្រយោជន៍រួមសាធារណៈ។ ហើយដើម្បីឱ្យការរៀបចំនេះមានប្រសិទ្ធិភាព រដ្ឋបាលក្រុងបានណែនាំដល់អាជីវករទាំងអស់ដែលបាននឹងកំពុងប្រកបអាជីវកម្ម លក់ដូរ នៅផ្សារមាត់ស្ទឹងនឹងមិនត្រូវបានអនុញ្ញាតិឱ្យបន្តការលក់ដូរទៀតឡើយ ដោយទីតាំងផ្សារមាត់ស្ទឹងត្រូវបានបញ្ចប់សុពលភាពភាស៊ីរួចហើយកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ហើយទីតាំងនេះជាដីសាធារណៈរបស់រដ្ឋ ដែលនឹងត្រូវកែលម្អឡើងវិញនិងរៀបចំស្ថាបនាជាសួនច្បារ ដាំដើមត្នោតសងខាងស្ទឹងដែលជានិមិត្តរូបខេត្ត ព្រមទាំងផ្លូវថ្មើរជើងតាមបណ្តោយមាត់ស្ទឹង។
ទន្ទឹមនេះ អាជីវករដែលកំពុងលក់ដូរមិនមានសណ្តាប់ធ្នាប់ លក់ដូរលើដីចំណីផ្លូវនិងតាមសំយាបផ្ទះ នៅជុំវិញបរិវេណផ្សារកំពង់ស្ពឺ និងសួនដើមលាភ ដែលបានបង្កផលប៉ះពាល់ដល់សោភណ័ភាព អនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ នឹងមិនត្រូវបានអនុញ្ញាតឱ្យបន្តការលក់ដូរទៀតដែរ។ហើយដើម្បីសម្រួលដល់អាជីវករ រដ្ឋបាលក្រុងច្បារមនបានសហការរៀបចំនូវទីតាំងលក់ដូរមួយកន្លែងដោយមិនគិត ថវិកាសម្រាប់ពីបងប្អូនអាជីវករដែលមិនមានលទ្ធភាព មានទីតាំងស្ថិតនៅភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ក្នុងនោះអាជ្ញាធរក៏បានឱសានវាទដល់បងប្អូនជាអាជីវករត្រឹមតែរយៈពេល១០ថ្ងៃប៉ុណ្ណោះសម្រាប់ការរើទៅទីតាំងថ្មី ក្នុងករណីមិនគោរពតាមការណែនាំខាងលើ រដ្ឋបាលក្រុងនឹងអនុវត្តវិធានការរដ្ឋបាលដោយមិនទទួលខុសត្រូវរាល់ការខូចខាតឡើយ។
ជុំវិញការរៀបចំនេះ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខេត្ត បានសម្តែងការសាទរយ៉ាងខ្លាំង ប៉ុន្តែក៏បានឡើងជាសំនួរផងដែរថា តើអាចទៅរួចដែរទេ ព្រោះកន្លងមកអាជ្ញាធរខេត្តកំពង់ស្ពឺក្នុងអាណត្តិអភិបាលខេត្តមុនក៏បានធ្វើការរៀបចំនិងរុញឱ្យទៅលក់នៅទីតាំងថ្មីដែរ តែការរើទៅទីតាំងថ្មីមិនបានប៉ុន្មានថ្ងៃ អាជីវករទាំងអស់ក៏វិលមកលក់កន្លែងដើមវិញនិងច្រើនជាងមុនរហូតដល់ផ្លាស់ប្តូរអភិបាលខេត្តថ្មីទើបមានចំណាត់ការម្តងទៀត។គេរំពឹងថាការរៀបចំថ្មីនេះនិងមានប្រសិទ្ធិភាពនិងតម្លាភាពហើយមិនដូចុនទេ។












ដោយ ៖ ប៊ុត សារុន