អគារមណ្ឌលសុខភាព ចំនួន៣ នៅខេត្តបន្ទាយមានជ័យ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ

បន្ទាយមានជ័យ ៖  អាជ្ញាធរខេត្តបន្ទាយមានជ័យ និងម្ចាស់ជំនួយ កាលពីរសៀលថ្ងៃទី០៣ ខែកម្ភៈ ឆ្នាំ២០២៥ នៅបរិវេណមណ្ឌលសុខភាពឈ្នួរមានជ័យ ស្ថិតនៅឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ បានអញ្ជើញ សម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការអគារមណ្ឌលសុខភាពប្រាសាទ មណ្ឌលសុខភាពបល្ល័ង្គ និងមណ្ឌលសុខភាពឈ្នួរមានជ័យ ដែលបានជួសជុល និងកែលម្អ ក្រោមថវិកាឧបត្ថម្ភ សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រឹស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ។

ពិធីនេះប្រព្រឹត្តទៅក្រោមការចូលរួមពីសំណាក់លោកអ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកអ៊ុក សឿន សមាជិកក្រុមប្រឹក្សាខេត្ត តំណាង តំណាង ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តនិងមានការចូលរួម លោក រ័ត្ន ច័ន្ទសុភាព ប្រធានសមាគមនិកាយ សាសនាចក្រនៃព្រះយេស៊ូគ្រីស្ត នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងសមាជិកប្រតិភូអមដំណើរ ម្ចាស់ជំនួស តំណាងអង្គការដៃគូ បុគ្គលិកសុខាភិបាល បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស យុវជន។

លោក អ៊ុំ រាត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ តាមរយៈការជួយជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ របស់មន្ទីរពេទ្យ មណ្ឌលសុខភាព ការបំពាក់សម្ភារបរិក្ខាពេទ្យ ការគាំទ្រដល់ការបណ្តុះបណ្ដាល ពង្រឹងសមត្ថភាពជំនាញ បុគ្គលិកសុខាភិបាលដែលជាផ្នែក មួយរួមចំណែកលើកកម្ពស់ និងកែលម្អគុណភាពសេវាការថែទាំ ព្យាបាលជំងឺ ឱ្យមានភាពប្រសើរឡើង និងប្រកបដោយមានប្រសិទ្ធភាព។ មូលនិធិសមាគមជួយនៅក្នុងប្រទេសកម្ពុជា ក៏ដូចនៅលើពិភពលោក គឺជាការបរិច្ចាគថវិកាផ្ទាល់ខ្លួនរបស់សមាជិករបស់សមាគមដើម្បីប្រើប្រាស់ក្នុងការងារមនុស្សធម៌ ដោយមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ហើយពិតជាមានតម្លៃ មិនអាចកាត់ថ្លៃបាន។

ទន្ទឹម ជា មួយ គ្នា នោះ លោកអភិបាលខេត្តណែនាំ មួយចំនួនជូនអាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាល យកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបម្រើសេវាសាធារណៈជូនប្រជាជន ពិសេសនៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកខេត្ត ក្រុង-ស្រុក និងរក្សាឱ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈ សីលធម៌ សុជីវធម៌ ជាមួយនឹងអ្នកជំងឺ ពិសេសអ្នកជំងឺក្រីក្រ ដោយមិនគិតអំពីរបាំងហិរញ្ញវត្ថុ, តាមដានបញ្ហាជំងឺឆ្លង ជំងឺមិនឆ្លង និងបញ្ហាសុខភាពសាធារណៈផ្សេងទៀត ដែលអាចមានហានិភ័យខ្ពស់ចំពោះសុខភាព, អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ជួយគាំទ្រដល់ការថែទាំសុខភាពបឋម និងបង្កលក្ខណៈងាយស្រួល ដល់មន្ត្រី សុខាភិបាលដែលបម្រើការនៅមូលដ្ឋានសុខាភិបាលអាចអនុវត្តការបំពេញភារកិច្ចដោយបុរេសកម្ម និងការទទួលខុសត្រូវ ។

ក្រោយពីបញ្ចប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការអគារមណ្ឌលសុខភាព ទាំង៣ លោកអ៊ុំ រាត្រី និងលោក អ៊ុក សឿន សមាជិកក្រុមប្រឹក្សាខេត្ត រួមនឹងសមាគម ក៏បានអញ្ជើញចុះបឋមសិលាសាងសង់នូវអគារមន្ទីរពេទ្យមួយខ្នងនៅមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះសម្រាប់ផ្នែកពិនិត្យនិងព្យាបាលជំងឺក្រៅ ផ្នែកឱសថស្ថាន, ផ្នែកបញ្ជរបង់ប្រាក់ និង ផ្នែករដ្ឋបាល) និងការបំពាក់សម្ភារបរិក្ខាពេទ្យ ដល់មន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ចំណាយថវិកាសរុប 298,100$ ក្នុងនោះសម្ភារ និងបរិក្ខារពេទ្យចំណាយថវិកា 70,649$។

សូមបញ្ជាក់ផងដែរថា កន្លងមកសមាគមនិកាយសាសនានៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ តែងតែជួយលើវិស័យសុខាភិបាលនៅរាជធានីភ្នំពេញនិងតាមបណ្តាលខេត្តផ្សេងៗទៀត។ជាមួយគ្នានោះដែរកាលពីឆ្នាំ២០២៣ ដោយមានការជួយសម្របសម្រួល និងការជួយការពារគម្រោង លោកវេជ្ជបណ្ឌិត Ron Larsen និងលោកស្រី Kathryn Larsen ខេត្តបន្ទាយមានជ័យ ទទួលបានគម្រោងចំនួន៧ រ
លើការជួសជុល និងសម្ភារបរិក្ខាពេទ្យ មន្ទីរពេទ្យដោយចំណាយថវិកាសរុបចំនួន 1,480,876 $(ជាងមួយលានបួនសែនដុល្លា)៕

ដោយ ៖ អេម ពៅ

CATEGORIES
Share This