អគ្គីភ័យឆាបឆេះហាងកាហ្វេ និងវាលស្រែ ០២ករណីផ្សេងគ្នាស្ថិតក្នុងក្រុងបាត់ដំបង

បាត់ដំបង ៖ អគ្គីភ័យបានឆាបឆេះហាងកាហ្វេ និងវាលស្រែ ០២ករណីផ្សេងគ្នា បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចជាច្រើនប្រភេទចេញអន្តរាគមន៍ចុះជួយពន្លត់។

សមត្ថកិច្ចបានអោយដឹងថា ករណីអគ្គិភ័យខាងលើ ករណីទី០១ កើតឡើងនៅវេលាម៉ោង ១២និង០០នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅត្រង់ចំណុចហាងកាហ្វេសណ្ឋាគារកាលីហ្វ័រញ៉ា ស្ថិតក្នុងក្រុមទី០៨ ភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង បណ្តាលឲ្យឆេះហាងកាហ្វេ(ទុកចោល)មួយកន្លែងដែលមានទំហំ ២០ម៉ែត្រ×៤ម៉ែត្រ ធ្វើអំពីថ្ម ប្រក់ស័ង្កសី(ឆេះអស់ទាំងស្រុង)ដែលមានម្ចាស់ឈ្មោះ យ៉ាន ចាន់ម៉ាប ភេទប្រុស អាយុ៥៦ឆ្នាំ ។

ករណីទី០២ កើតឡើងនៅវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅចំណុចក្នុងព្រលានយន្តហោះវាលបែកចាន ស្ថិតក្នុងក្រុមទី០១ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង បណ្តាលអោយឆេះព្រៃ និងកញ្រ្ជាំងវាលស្រែអស់មួយចំនួនសង្ស័យមានជនមិនស្គាល់លួចដុត ។

នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យទាំងពីរករណីខាងលើនេះដែរភ្លាមៗនោះកម្លាំងបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងរថយន្តពន្លត់អគ្គីភ័យក្រុង ស្រុក ដោយមានការសហការពីកម្លាំងសមត្ថកិច្ចទាំងបីប្រភេទបានចុះជួយអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់ទឹកអស់ជាច្រើនឡានផងដែរ ៕

ដោយ ៖ សាលី

CATEGORIES
Share This