វេទិការអប់រំតាមរយៈព្រះពុទ្ធសាសនា ផ្សារភ្ជាប់និងការបម្រើសេវារបស់មន្រ្តី សុខាភិបាលនៃមន្ទីរពេទ្យដើម្បី បំពេញបន្ថែមចន្លោះ ត្រៀមប្រកួតផ្តាច់ព្រ័ត្ត
បន្ទាយមានជ័យ ៖ មន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ បានរៀបចំវេទិការអប់រំតាមរយៈព្រះពុទ្ធសាសនាផ្សារភ្ជាប់និងការបម្រើសេវារបស់មន្រ្តី សុខាភិបាលនៃមន្ទីរពេទ្យដើម្បី បំពេញបន្ថែមចន្លោះ ត្រៀមប្រកួតផ្តាច់ព្រ័ត្ត ដោយមានការនិមន្តអញ្ជើញចូលរួមពីព្រះធម្មាលង្ការមុនី ចាន់ សុជន ព្រះចៅអធិការវត្តប្រាសាទស្រះកណ្តាល (ហៅវត្តខ្ចាស់) ព្រះគ្រូ អ៊ុច សារិទ្ធ ព្រះគ្រូអនុគណស្រុកព្រះនេត្រព្រះ ព្រះគ្រូ ធៀប ថាត់ ព្រះលេខាអនុគណស្រុកព្រះនេត្រព្រះ ព្រះធម្មសិរីញាណ រុំ ហល ព្រះចៅអធិការវត្តទួលតានី និងលោក យឹម សំណាង អភិបាលរងខេត្តតំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្ត ធ្វើនៅមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥។
ក្នុងឱកាសនោះព្រះធម្មាលង្ការមុនី ចាន់ សុជន ព្រះចៅអធិការវត្តប្រាសាទស្រះកណ្តាល(ហៅវត្តខ្ចាស់) បានផ្តល់នៅឱវាទក្នុងនាមជាគ្រូពេទ្យត្រូវមានសមាធិឲ្យល្អ ក្នុងការបម្រើសេវាកម្មជូនប្រជាពលរដ្ឋ អ្នកជំងឺ លោកគ្រូ អ្នកគ្រូពេទ្យ ត្រូវមានភាពអំណត់អត់ធ្មត់ ក្រមសីលធម៌ ជាពិសេសការអប់រំផ្លូវចិត្ត,ការគោរព,ការសាមគ្គី ទាំងអាកប្បកិរិយា សំដីសំដៅរបស់បុគ្គលិកខ្លះៗ ដែលខុសគ្នាទៅតាមអត្តចរិករបស់មនុស្សម្នាក់ៗ។ សំដៅលើចក្ខុវិស័យ របស់មន្ទីរពេទ្យ គឺជាមូលដ្ឋានសុខាភិបាល ផ្ដល់សេចក្ដីសង្ឃឹម និងទំនុកចិត្ត ផ្នែកសេវាសុខភាពជូនសាធារណជន។
លោក យឹម សំណាង អភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ដោយយោងតាមសកម្មភាព ផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ មន្ត្រីសុខាភិបាលទាំងអស់នៅក្នុងមន្ទីរពេទ្យ ត្រូវខិតខំយកចិត្តទុកដាក់បំពេញតួនាទី និង ភារកិច្ចការងារ ជូនរាជរដ្ឋាភិបាល អស់ពីចិត្តពីថ្លើម ដោយឈរលើគោលគោលការណ៍របស់រដ្ឋបាលខេត្ត និងក្រសួងសុខាភិបាល គោរពក្រមសីលធម៌វិជ្ជាជីវៈរបស់ពេទ្យអោយបានខ្ជាប់ខ្ជួន។ ជាក់ស្តែងដូចព្រះឱវាទរបស់ព្រះអង្គដែលបានមានសង្ឃដីកាអប់រំ ដល់លោក លោកស្រីមន្ត្រីសុខាភិបាលដែលពាក់ព័ន្ធ ទៅលើផ្នែកចិត្តសាស្ត្រ ដើម្បីយកទៅអនុវត្ត ហើយនិងពិចារណានៅអ្វីដែលព្រះអង្គបានមានសង្ឃដីកា។
ជាមួយគ្នានោះលោក ក៏បានធ្វើការថ្លែងអំណរអរគុណដល់លោកគ្រូអ្នក គ្រូពេទ្យ បានបម្រើសេវាសុខាភិបាលជួយដល់ប្រជាពលរដ្ឋ នៅក្នុងស្រុកព្រះនេត្រព្រះ។ជាពិសេសត្រូវបន្តជាបេក្ខភាពជ័យលាភីក្នុងចំណោម៥ និងជម្រើសទី១ នៅវិស័យសុខាភិបាលនៅសេវាគំរូ សូមឱ្យទទួលបានជោគជ័យជូនខេត្តបន្ទាយមានជ័យយើង៕



















