ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន២២០៥ប័ណ្ណ នៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ ៖ លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ តំណាងលោក អ៊ុំ រាត្រី អភិបាលខេត្តកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២៥ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនៅភូមិ២ និងភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ចំនួន២២០៥ប័ណ្ណ។

ពិធីនេះក៏មានការចូលរួមពីលោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធជុំវិញខេត្ត អភិបាលរងក្រុងសិរីសោភ័ណ ប្រារព្ធ ធ្វើ ឡើង នៅ វត្ត មុន្នីសោភ័ណ្ឌស្វាយថ្មី (វត្តតា ហី) ស្ថិននៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

លោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានបញ្ជាក់ឱ្យដឹងថា ក្រុងសិរីសោភ័ណ មានក្បាលដីប៉ាន់ស្មានចំនួន ៥៧ ២២៨ ក្បាលដី បានបញ្ចប់ការ វាស់វែង១០០% បានចំនួន ៥៧ ២២៨ ក្បាលដី ប្រមូលទិន្នន័យបានចំនួន ៥១ ៦០១ ក្បាលដី ក្នុងនោះបានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុរួច ចំនួន ៣៧ ១១៧ បណ្ណ (គិតរួមទាំងភូមិ២ ចំនួន ១ ៧០១ បណ្ណ និងភូមិតារាងបាល់ចំនួន ៥០៤ បណ្ណ) ។

លោក ហ៊ឹល រ៉ាយា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាដែលក្នុងនីតិកាលទី៧ ក្រោមការដឹកនាំដោយសម្តេចមហា បវរអធិបតី ហ៊ុន ម៉ាណែត ជានាយក រដ្ឋ មន្ត្រី បានគិតគូរយកទុក្ខដាក់ រៀបចំនូវគោលនយោបាយដ៏ត្រឹមត្រូវ និងបានផ្តល់លទ្ធភាពដល់ប្រជាពលរដ្ឋ ក្នុងការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ  ជាពិសេសក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ ដែលបានការដាក់គោលដៅបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីទាំងអស់នៅឆ្នាំ២០២៥ សំដៅដោះស្រាយបញ្ហាទំនាស់វិវាទដីធ្លីទាំងអស់ តាមរយៈការពង្រឹងសិទ្ធិនិងការគ្រប់គ្រងដីធ្លីបានល្អនិងមានប្រសិទ្ធភាព។ ហេីយសម្តេចបានបង្កើនផ្តល់លទ្ធភាពទាំងធនធនថវិកានិងធនធានមនុស្ស ដើម្បីពន្លឿនក្នុងការវាស់វែង បោះបង្គោលកំណត់ព្រំដីដើម្បីដោះស្រាយវិវាទដីធ្លីទាំងអស់នោះឱ្យបានចប់នៅមុនដាច់ឆ្នាំ២០២៧ខាងមុខនេះ។

លោកបន្តថា មន្ទីរ និងក្រុមការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ នឹងបន្តខិតខំវាស់វែងបញ្ចប់ ក្នុងខែមេសា ឆ្នាំ២០២៥ នេះដោយមន្ទីរ បានដាក់ផែនការចុះវាស់វែងឱ្យបាន ២ ០០០ ក្បាលដី ក្នុង ១ថ្ងៃ (យ៉ាងតិចបាន ៦ ០០០ ក្បាលដី ក្នុង១ខែ)។ លោកបន្តថា សម្រាប់ខេត្តបន្ទាយមានជ័យ ក្បាលដីដែល នៅសល់ ក្រុមការងារចុះបញ្ជី ដីធ្លីទាំង៩ ក្រុង-ស្រុក បានធ្វើការប្តេជ្ញាចិត្តបញ្ចប់ការវាស់វែងតាមផែនការ ដែលបានគ្រោងទុកយ៉ាងយូរ ត្រឹមខែមេសា ឆ្នាំ២០២៥ ស្របតាមគោលនយោបាយគន្លឹះ និងការចង្អុលបង្ហាញដោយផ្ទាល់ពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ៕

CATEGORIES
Share This