មន្ទីរ​សារធារណ​ការ​ និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ  ចុះអប់រំផ្សព្វផ្សាយ​ច្បាប់ចរាចរណ៍​ផ្លូវគោក

បន្ទាយមានជ័យ ៖ អ្វីដែលអ្នកបើកបរទោចក្រយានយន្តត្រូវដឹង គឺ ការពារជីវិតអ្នកពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ នេះ​គឺជា សារដ៏មានសារៈសំខាន់​ ចំពោះបងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរតាមដងផ្លូវសាធារណៈឲ្យបានយល់ដឹងកាន់តែច្បាស់ពីច្បាប់ចរាចរណ៍ផ្លូវគោក ។

សារនេះដែលត្រូវបាន មន្ត្រីពាក់ព័ន្ធរួមមានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ត  ក្រុមយុវជនកាកបាទក្រហមខេត្ត  ចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែបើកបរយានយន្តតាមដងផ្លូវជាតិលេខ៥ ត្រង់ចំណុចប្រសព្វកែង ច្រកចូលឃុំបត់ត្រង់​ ក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៧ ខែមករា​  ឆ្នាំ​២០២៥ ។

បើតាមការសង្កេត ឃើញថា អ្នកបើកបរម៉ូតូ ត្រូវបានការពារតិចជាងអ្នកបើកបររថយន្ត​ ឬនិយាយម្យ៉ាងទៀតថា​ ការបើកបរម៉ូតូងាយរងគ្រោះជាងអ្នកបើកបររថយន្តដូចនេះ នៅក្នុងការប៉ះទង្គិចគ្នាផ្តល់ឱកាសរងរបួស ឬស្លាប់ភាគច្រើនជាអ្នកបើក ។ 

លោក​ ពុទ្ធញាណ​ ដារិទ្ធ​ ដែលជាប្រធានការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត​បន្ទាយមានជ័យ និងលោក​ គី មករា​ ប្រធានការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ត បានមានប្រសាសន៍ថា​ ការចុះអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម នាពេលនេះ​ គឺ ក្នុងគោលបំណងឲ្យបងប្អូន តាមដងផ្លូវសាធារណៈ​ គោរព​ច្បាប់ចរាចរណ៍​ បើកបរម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព ទាំងអ្នកបើកបរទាំងអ្នករួមដំណើរ, រថយន្តត្រូវពាក់ខ្សែក្រវាត់ឲ្យបានត្រឹមត្រូវនិងបើកបរត្រូវចេះយោគយល់អធ្យាស្រ័យ​ ពិសេសបើកបរយានយន្តគ្រប់ប្រភេទ ដោយគ្មានជាតិស្រវឹង, បើកបរដោយប្រុងប្រយ័ត្នគ្រប់វិនាទី ការអត់ធ្មត់ចេះអធ្យាស្រ័យ និងចាំឲ្យបានច្បាស់ថា ការប្រមាថក្នុងការបើកបរ គឺជា ការប្រមាថដល់អាយុជីវិតរបស់ខ្លួនឯងក៏ដូចជាអាយុជីវិតរបស់អ្នកដទៃ។

ក្នុងយុទ្ធនាការផ្សព្វផ្សាយនេះផងដែរលោកឧត្តមសេនីយ៍ត្រី​ ង៉ាន់​ ចិន្ដា​ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ក៏បានប្រគល់មួក​សុវត្ថិភាព​ មួយចំនួន ជូនដល់បងប្អូនប្រជាពលរដ្ឋផងដែរ ៕

CATEGORIES
Share This