អភិបាលខេត្តកំពង់ស្ពឺ ជំរុញឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្ត បង្កើនការផ្សព្វផ្សាយ និងកៀរគររកធនធានមូលនិធិ ដើម្បីជាលទ្ធភាពទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌
កំពង់ស្ពឺ ៖ ស្របតាមទិសស្លោក(ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា) និង (កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា-មិនទុកឱ្យអ្នកណាម្នាក់ស្លាប់ដោយអត់បាយ) អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត លោក ជាម ចន្ទ័សោភ័ណ បានក្រើនរំលឹកដល់សមាជិក សមាជិកាឱ្យបន្តការផ្សព្វផ្សាយបន្ថែម និងកៀរគររកធនធានមូលនិធិពីគ្រប់សមាសភាពពាក់ពន្ធ័ ដើម្បីទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌ ក្នុងការចុះជួយសម្រាលទុក្ខលំបាកបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ និងជួបគ្រោះមហន្តរាយផ្សេងៗ។ការណ៍នេះ ធ្វើឡើងក្នុងពិធីបូកសរុបលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នៃសកម្មភាពការងារសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។
លោក ជាម ចន្ទ័សោភ័ណ បានលើកឡើងថា សាខាកាកបាទកម្ពុជាខេត្តកំពង់ស្ពឺ មានអនុសាខាក្រុង-ស្រុកចំនួន៩និងមានសមាជិក យុវជនស្ម័គ្រចិត្តកាកបាទក្រហមនៅគ្រប់ទូទាំង៨៨ឃុំ-សង្កាត់ដើម្បីបម្រើនិងជួយដល់សកម្មភាពមនុស្សធម៌។សាខាកាកបាទក្រហមកម្ពុជាខេត្តតែងតែធ្វើសកម្មភាពនិងចុះជាប់ជាមួយប្រជាពលរដ្ឋ ពិសេសជនទីទ័លក្រលំបាក ជនងាយរងគ្រោះ ជនចាស់ជរា ក្មេងកំព្រា ស្ត្រីមេម៉ាយគ្មានទីពឹង ជនផ្ទុកជំងឺរ៉ាំរ៉ៃ ជនរងគ្រោះថ្នាក់ដោយធម្មជាតិនិងរងគ្រោះជាយថាហេតុផ្សេងៗ។
លោក ជាម ចន្ទ័សោភ័ណ បានគូសបញ្ជាក់ថាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ប្រធានកាកបាទក្រហមកម្ពុជាគឺសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចតែងបានណែនាំទៅដល់គ្រប់សាខាតាមបណ្តាខេត្ត-ធានីឱ្យបង្កើនការយកចិត្តទុកដាក់និងគិតគូទៅដល់សុខទុក្ខនិងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក។ទន្ទឹមនោះត្រូវផ្តល់នូវអាហារហូបចុកឱ្យបានគ្រប់គ្រាន់ និងផ្តល់នូវទីជំរំ ជម្រកសម្រាប់ការរស់នៅបានសមរម្យ។
ជាមួយនោះ ប្រធានគណកម្មាធិការសាខាក៏បានជម្រុញដល់ក្រុមការងារឱ្យបន្តអនុវត្តសកម្មភាពនៅតាមបណ្តាអនុសាខាទូទាំងក្រុង ស្រុកទាំង៩ ឱ្យគោរពតាមគោលការណ៍របស់កាកបាទក្រហមកម្ពុជា និងក្នុងសកម្មភាពរួមគ្នាអនុវត្តនូវទិសស្លោកដ៏សំខាន់គឺ៖ ធ្វើឱ្យបានកាន់តែច្រើនជាងមុន ធ្វើឱ្យបានកាន់តែល្អជាងមុន ធ្វើឱ្យបានកាន់តែស៊ីជម្រៅ និងទៅឱ្យបានកាន់តែឆ្ងាយជាងមុន និងចំគោលដោលដៅ។ហើយចំពោះមុខនេះ ដើម្បីទ្រទ្រង់សកម្មភាពសេវាកម្មមនុស្សធម៌ឱ្យបានកាន់ខ្លាំងក្លានាឆ្នាំបន្ទាប់សម្រាប់អាណត្តិទី៦នេះ គឺទាមទារឱ្យគណៈកម្មាធិការអនុសាខាទាំងអស់ ត្រូវខិតខំបន្តរុករកមូលនិធិពីគ្រប់មជ្ឈដ្ឋាន តាមរយៈការពង្រីកសមាជិកភាព ការដាក់ហិបសប្បុរសធម៌ ព្រឹត្តិការណ៍មនុស្សធម៌តាមលទ្ធភាព។ល។ត្រូវបន្តពង្រីក ពង្រឹងសកម្មភាពអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជាក្នុងអនុសាខាឱ្យកាន់ច្រើនឡើងបន្ថែមទៀតនៅតាមបណ្តាឃុំសង្កាត់ ដើម្បីឆ្លើយតបឱ្យបានទាន់ហេតុការណ៍នូវតម្រូវការ សំណូមពរ របស់បងប្អូនប្រជាពលរដ្ឋ។
ក្នុងនោះដែរប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺក៏បានណែនាំបន្ថែមទៅដល់ក្រុមការងារសាខាទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះសុខទុក្ខ សុខមាលភាព និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដោយគ្មានការរើសអើង ជាងនេះត្រូវគិតគូ យកចិត្តទុកដាក់ឱ្យបានទ្វេរដងដល់សមាជិក សមាជិការបស់ខ្លួនទាំងសុខទុក្ខ ជីវភាពរស់នៅ តម្រូវការ ពិសេសយុវជនដែលជាឆ្អឹងខ្នងរបស់សមាគម ជៀសវាងការបង្កជាសតិអារម្មណ៍ កុំឱ្យគេថាគិតតែកូនគេនៅឆ្ងាយ ហើយភ្លេចកូនខ្លួនឯងដែលនៅក្បែរខ្លួន ៕














ដោយ ៖ ប៊ុត សារុន