មិនដឹងមានអ្វីនៅពីក្រោយ បានជាបុគ្គលបំពានដីចំណីផ្លូវជាតិលេខ៣ ក្នុងខណ្ឌពោធិ៍សែនជ័យ ទោះមានចំណាត់ការពីតុលាការ តែមិនត្រូវបានរើចេញ
ភ្នំពេញ ៖ ម្ចាស់ផ្ទះមួយកន្លែងនៅជាប់បណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កើតទុក្ខមិនសុខចិត្តចំពោះបុគ្គលដែលមកបំពានចំណីផ្លូវនៅពីមុខដីលំនៅឋានរបស់ខ្លួន ទោះទទួលសំណងពីរដ្ឋហើយក្ដី រួមទាំងមានដីការសម្រេច និងលិខិតជូនដំណឹងឱ្យរុះរើពីសាលាដំបូងរាជធានីភ្នំពេញ និងដីការអមពីរដ្ឋបាលរាជធានីភ្នំពេញ ឱ្យរដ្ឋបាលខណ្ឌពោធិ៍សែនជ័យចុះអនុវត្តន៍ តែមិនអាចធ្វើបានសម្រេចនោះទេ អស់រយៈកាលច្រើនឆ្នាំមកហើយ។
តាមប្រភពបានឱ្យដឹងថា គ្រួសារលោកស្រី ហ៊ុល ម៊ុំ ដែលសង់សំណង់បំពានចំណីផ្លូវជាតិលេខ៣ នោះ ដើមឡើយបានមកសុំភាគីម្ចាស់ផ្ទះសង់រោងលក់ដូរបណ្ដោះអាសន្នក្នុងកំឡុងឆ្នាំ ១៩៩៨ ខណៈដែលគ្រួសារខ្លួននិងសាច់ញាតិមានផ្ទះសម្បែងនៅតំបន់នោះដែរ។ លុះក្រោយមកកាន់តែយូរឆ្នាំទៅមាននូវការសង់ផ្លូវជាតិលេខ៣ឡើងវិញ រដ្ឋតម្រូវឱ្យរុះរើចេញរាល់សំណង់ទាំងអស់ដែលបំពានចំណីផ្លូវ និងឱ្យថ្លៃសេវារុះរើដោយមានទាំងលិខិតទទួលប្រាក់ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផងទៀត បែជាទទួលប្រាក់ហើយ មិនរើចេញនោះទេ។ ដោយសារតែភាពរឹងរូសនេះទើបរដ្ឋបាលខណ្ឌតាមរយៈមេធាវីតំណាងដោយអាណត្តិប្ដឹងតាមនីតិវិធី និងបានឈ្នះក្ដីដោយតុលាការចេញលិខិតជូនដំណឹងឱ្យរុះរើ រួមទាំងដីការអមពីរដ្ឋបាលរាជធានីភ្នំពេញឱ្យអនុវត្តន៍ជាបន្តបន្ទាប់ច្រើនលើកច្រើនសារមកហើយ។
ប្រភពបានបន្តឱ្យដឹងទៀតថា រហូររយៈពេលចុងក្រោយជាង ៤ខែមកនេះដីការអមរបស់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានធ្វើឡើងជាថ្មីបន្ថែមទៀត ឱ្យរដ្ឋបាលខណ្ឌពោធិ៍សែនជ័យចុះអនុវត្តន៍ តែគេពុំទាន់ឃើញបានចុរុះរើនៅឡើយ ដែលនាំឱ្យកើតឆ្ងល់ថា មានវាំងននខ្មៅអ្វីនៅលើករណីនេះ។
បើតាមលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ទទួលបន្ទុកសណ្ដាប់ធ្នាប់បានឱ្យអ្នកព័ត៍មានដឹងតាមបណ្ដាញទំនាក់ទំនងសង្គមថា តាំងតែមកធ្វើការនៅពោធិ៍សែនជ័យ មានរឿងដែលឈឺក្បាលខ្លាំងនោះ គឺករណីឈ្មោះ ហ៊ុល មុំ ឮតែឈ្មោះមិនចង់ជួប។ លោកបន្តថា ចាំមានពេលមកជួបលោកនៅសាលាខណ្ឌ លោកនឹងរៀបរាប់លម្អិត (សម្លេង)។
ចំណែកលោកស្រី ហ៊ុល មុំ នាពេលកន្លងទៅបានឱ្យក្រុមអ្នកសារព័ត៌មានដឹងថា លោកស្រីមករស់នៅលើដីនោះតាំងពី ១៩៧៩ ចំពោះការរមិនព្រមរុះរើចេញព្រោះគ្មានផ្ទះរស់នៅ និងអត់មានកន្លែងប្រកបរបររកស៊ី។ លោកស្រីថា មិនរស់នៅលើចំណីផ្លូវទេបើឱ្យរើចេញទៀតជារឿងអាយុត្តិធម៌។ ដែលការលើកឡើងដូចនេះផ្ទុយពីកិច្ចសន្យាដែលបានធ្វើឡើងជាលាយលក្ខអក្សជាមួយអាជ្ញាធរដោយយល់ព្រមរុះរើ និងផ្ដិតមេដៃទទួលប្រាក់ពីរដ្ឋរួចហើយ តែចុងក្រោយបែជាមិនព្រមរើចេញ ក្រោមរូបភាពរារាំងកម្លាំងចម្រុះចុះទៅអនុវត្តន៍ច្បាប់ តែបើកន្លែងផ្សេងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យធ្វើបានសម្រេចជាហូរហែ ទាស់អីទីតាំងមួយនេះដែលល្បីមកថា មានអ្នកនៅពីក្រោយព្រោះរឿងប្រយោជន៍។
លោក បញ្ញាវុធ ភាគីម្ចាស់ដីលំនៅឋាននៅខាងក្រោយសំណង់លោកស្រី ហ៊ុល មុំ បានលើកឡើងថា បើតាមកំណត់បង្ហាញពីសុរិយោដីរាជធានីភ្នំពេញឃើញនៅចំនុចនោះមានតែដីប្លង់រឹងលេខ ១៦៩ ទេដែលជាប់នឹងចំណីផ្លូវ រីឯសំណង់ពីមុខនោះគឺសំណង់អនាធិបតេយ្យសង់លើដីចំណីផ្លូវរដ្ឋ។ លោកបន្តថា កាលដែលបុគ្គលបំពានច្បាប់មិនព្រមរើចេញនោះបានបង្កឱ្យមានភាពឥតសណ្ដាប់ធ្នាប់ ខូចសោភ័ណ្ឌភាព បរិស្ថានលើទីសាធារណៈ និងរំខានដល់ការរស់នៅរបស់គ្រួសារលោកដែលមានសិទ្ធិអាទិភាពក្នុងនាមមានព្រំដីជាប់ចំណីផ្លូវ និងបានបង់ពន្ធដីជូនរដ្ឋរាល់ឆ្នាំ គ្រាដែលភាគីអ្នកបំពាននោះមានផ្ទះសម្បែង មិនមែនឥតកន្លែងជ្រកទេ តែមកឡាំប៉ា។
គួររម្លឹកថា កន្លងទៅដីការអមពីរដ្ឋបាលរាជធានី និង ស.ជ.ណ របស់រដ្ឋខណ្ឌពោធិ៍សែនជ័យ ឱ្យចុះអនុវត្តន៍ជាហូរហែចំនួន ២អាណត្តិកន្លងមកហើយ រួមទាំងការចុះរុះរើផ្ទាល់ពីកម្លាំងចម្រុះមិនតិចជាង ៥ដង តែធ្វើមិនបានសម្រេចនោះទេ។ ដោយរាល់ការចុះទៅក្រុមគ្រួសារលោកស្រី ហ៊ុល មុំ តែងតែព្យាយាមរារាំងដោយរូបភាពទុក្ខសោកវេទនា ហើយប្រឈមទៅនឹងហិង្សាជាដើម។ ប៉ុន្តែបើតាមប្រភពដំណឹងក្រៅផ្លូវការបានខ្សឹបខ្សៀវមកថា ការរឹងទន្ទឹងនេះគឺមានអស់លោកខ្លះអ្នកនៅពីក្រោយខ្នងជាមួយរឿងផលប្រយោជន៍ គ្រាដែលទីនោះមានឈ្មួញចែចូវតាមទិញ តែពុំបានសម្រេច៕












ដោយ ៖ K-P