នារីរោងចក្រម្នាក់ ត្រូវបានសម្លាប់ដោយរឹតកនៅក្នុងបន្ទប់ជួល ក្នុងខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ ហេតុការណ៍ឃាតកម្មមួយបានកើតឡើងដោយគេបានប្រទះឃើញស្រ្តីកម្មកររោងចក្រម្នាក់ស្លាប់ហើយសាកសពមានសភាពហើមស្អុយទៅហើយនៅក្នុងបន្ទប់ជួលនិងមានចាក់សោរពីខាងក្រៅ ដែលត្រូវបានសង្ស័យថាត្រូវឃាតករសម្លាប់ដោយរឹតខ្សែ។

ហេតុការណ៍នោះបង្កអោយភ្ញាក់ផ្អើលនោះបានកើតឡើងកាលពីរសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅក្នុងបន្ទប់លេខ៦៦ ជាន់ទី៣ ផ្ទះជួលស្ថិតនៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានអោយដឹងថា ជនរងគ្រោះឈ្មោះ ជុន សេន ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ ប៊ឺរី អឹភែរឹល ( ខេមបូឌា) មានទីលំនៅភូមិត្រពាំងលាន ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុខាងលើ ។ កាលពី២ឆ្នាំមុននាងធ្លាប់មានគូដណ្ដឹងម្ដងដែរ ប៉ុន្តែបានបែកបាក់គ្នាទៅវិញ ព្រោះតែជិតដល់ថ្ងៃចូលរោងការទៅហើយ បែរជាបុរសជាគូរដណ្ដឹងរូបនោះបានក្បត់ចិត្តនាងទៅលួចមានស្រីថ្មីទៀត ចោលនាង។

ស្រ្តីជាមេក្រុមរបស់ជនរងគ្រោះបាននិយាយថា ជនរងគ្រោះបាត់មិនឃើញទៅធ្វើការរយៈពេល៣ថ្ងៃមកហើយ ដោយកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ថៅកែតម្រូវអោយ
ធ្វើការថែមម៉ោងដល់វេលាម៉ោង៦ល្ងាច ។ ប៉ុន្តែខណៈនោះ នារីរងគ្រោះខាងលើអត់បាននៅធ្វើការថែមម៉ោងនោះឡើយ នាងបានចេញទៅផ្ទះជួលនៅវេលាម៉ោង៤ល្ងាច ហើយមិនបានសុំច្បាប់មេឡើយ ដោយនៅល្ងាចនោះអតីតគូដណ្ដឹងទៅរកនាងដល់បន្ទប់ជួល ។

ស្រ្តីរូបនោះបាននិយាយបន្តថាលុះដល់ថ្ងៃទី១៨ ខែមករា ស្រ្តីរងគ្រោះអត់ទៅធ្វើការឡើយ ហើយរូបគាត់រួមនិងមិត្តភក្ដិរួមការងារបាននាំគ្នាខលរក តែខលចូលច្រើនដងអត់លើកសោះ ។ រហូតមកដល់ថ្ងៃទី២០ ខែមករា នៅតែពុំឃើញជនរងគ្រោះទៅធ្វើការដដែល ទើបនាំគ្នាខលរកជាថ្មីទៀត តែខលលែងចូលទៀត ហើយអ្នកស្នាក់នៅបន្ទប់ជិតនោះ មានការសង្ស័យ ព្រោះឃើញបន្ទប់នាងរងគ្រោះចាក់សោទ្វារពីខាងក្រៅ មានធំក្លិនស្អុយទៀត ។

ប្រភពដដែលបានអោយដឹងថា ពេលនោះអ្នកជិតខាងខលទៅសួរអ្នកធ្វើការក្នុងរោងចក្រជាមួយថា បានឃើញនាងរងគ្រោះទៅធ្វើការទេ ? ពេលនោះគេប្រាប់ថាអត់ឃើញទេ ។ ទើបអ្នកជិតខាងខលទៅប្រាប់អ្នកគ្រប់គ្រងផ្ទះជួលអោយទៅជួយមើលបន្ទប់ដែលនាងរងគ្រោះស្នាក់នៅនោះ ហើយក៏ប្រទះឃើញនាងដេកស្លាប់ដោយធំក្លិនស្អុយបាត់ទៅហើយ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ និងបានរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ អោយចុះទៅពិនិត្យធ្វើកោសល្យវិច័យ ។ លទ្ធផលបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយអំពើឃាតកម្មដែលឃាតករ ប្រើខ្សែរឹត ក សម្លាប់រួចយកភួយនិងតុក្កតាគ្របពីលើ  ប៉ុន្តែពុំទាន់ដឹងថាជាស្នាដៃគូដណ្ដឹង ឬ នរណាឡើយ ៕

CATEGORIES
Share This