គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជួញដូរមនុស្ស (គ.ខ.ប.ជ ) បានដឹកនាំ កិច្ចប្រជុំ ពិនិត្យរបាយការណ៍ ១២ខែ ឆ្នាំ២០២៤

បន្ទាយមានជ័យ ៖ លោកស្រី រស់ សុផានី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជួញដូរមនុស្ស ខេត្ត (គ.ខ.ប.ជ ) បានដឹកនាំ កិច្ចប្រជុំ ពិនិត្យរបាយការណ៍ ១២ខែ ឆ្នាំ២០២៤ ដើម្បីត្រៀមរៀបចំប្រជុំបូកសរុបលទ្ធផល ការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជួញដូរមនុស្សខេត្ត ធ្វេីឡេីងនៅសាលប្រជុំ ក្រុមប្រឹក្សា ខេត្ត នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ ២០២៥។

នាឱកាសនោះលោកស្រី រស់ សុផានី ក៏បានថ្លែងអំណរគុណទៅដល់គ្រប់ស្ថាប័នពាក់ព័ន្ធ ទាំងកងកម្លាំងគ្រប់ប្រភេទ ដែលបានចូលរួមយ៉ាងសកម្មនាពេលកន្លងមក ក្នុងកិច្ចការងារប្រឆាំងអំពើជួញដូរមនុស្ស និងទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។

មិនត្រឹមតែប៉ុណ្ណោះ លោកស្រី អភិបាលរងខេត្ត ក៏បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ដាប់ថ្នាក់ សមត្ថកិច្ចពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តគោល នយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាពក្នុង ការបង្ការ បង្ក្រាប និងទប់ស្កាត់បទល្មើសផ្សេងៗ ពិសេសការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស អំពើហិង្សាក្នុងគ្រួសារជាដើម។ លើការងារសន្តិសុខព្រំដែនខេត្ត ត្រវរក្សាបាននូវបូរណភាព និងអធិបតេយ្យភាពជាតិ ព្រមទាំងប្រែក្លាយតំបន់ព្រំដែន ជាព្រំដែនសន្តិភាព សេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍។

ទន្ទឹម ជាមួយគ្នានោះ ក្នុងនាម លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជួញដូរមនុស្ស ខេត្ត (គ.ខ.ប.ជ ) លោកស្រី ក៏បានជំរុញបន្ថែមដល់សមត្ថកិច្ចគ្រប់អង្គភាព អាជ្ញាធរមូលដ្ឋាន និងជាមួយអង្គការដៃគូ ដើម្បីបង្កើនការទប់ស្កាត់និងបង្កើនការអប់រំផ្សព្វផ្សាយតាមគ្រប់រូបភាព ក្នុងន័យធានាអោយបាននូវចំណាកស្រុកប្រកបដោយសុវត្ថិភាព ការទប់ស្កាត់ ការជួញដូរមនុស្សក្រោមរូបភាពនាំប្រជាពលរដ្ឋទៅធ្វើការក្រៅប្រទេសដោយខុសច្បាប់ ការធ្វើអាជីវកម្មផ្លូវភេទ និងការប្រើប្រាស់ពល កម្មកុមារជាដេីម៕

CATEGORIES
Share This