បាត់ខ្លួនជាច្រើនម៉ោង រកឃើញសពនៅក្នុងទឹកស្ទឹងសង្កែ
បាត់ដំបង ៖ សពក្មេងប្រុសសិស្សសាលាម្នាក់ ត្រូវបានពលរដ្ឋរាវរកឃើញ នៅក្នុងទឹកស្ទឹងសង្កែ ក្រោយពីបាត់ខ្លួនអស់ជាច្រើនម៉ោង។
ប្រភពពីប្រជាពលរដ្ឋ បានអោយដឹងថា កាលពីវេលាម៉ោង ១០និង៣០នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ក្មេងសិស្សសាលាម្នាក់ឈ្មោះ តែ ហុកហេង ភេទប្រុស អាយុ០៥ឆ្នាំ រៀននៅសាលា វិទ្យាល័យអប់រំពិសេសបាត់ដំបង(ពិការភ្នែក និងគថ្លង់) ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បានដើរចេញពីសាលាតាមទ្វារក្រោយ ក៏បានបាត់ខ្លួនរកមិនឃើញ។
ក្រោយពីបាត់ខ្លួន ឪពុកម្តាយ សាច់ញាតិ កងកម្លាំងសមត្ថកិច្ច ព្រមទាំងអ្នកសារព័ត៌មានជាច្រើនអង្គភាព បាននាំគ្នាស្វែងរកតាមមាត់ស្ទឹងសង្កែ និងតាមបណ្តាផ្លូវជាច្រើនអស់ជាច្រើនម៉ោងតែរកមិនឃើញ លុះនៅវេលាម៉ោង ១៦និង០៧នាទី ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង បានចាត់អោយកម្លាំងការិយាល័យជំនាញសហការណ៍ជាមួយអាណាព្យាបាល និងអ្នកពាក់ព័ន្ធចរាវរកនៅក្នុងស្ទឹងសង្កែ រហូតនៅវេលាម៉ោង១៦និង៣០នាទីក៏ប្រទះឃើញ តែជាអកុសលក្មេងប្រុសសិស្សសាលាបានស្លាប់បាត់បង់ជីវិតទៅហើយ បន្ទាប់មកក៏បានប្រគល់អោយអាណាព្យាបាលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕




ដោយ ៖ សាលី